Skip to content
សិក្សា Seuksa
Stories

រឿង កុលាបប៉ៃលិន

អក្សរសិល្ប៍

រឿង កុលាបប៉ៃលិន ជាស្នាដៃនិពន្ធរបស់ លោក ញ៉ុក ថែម ក្នុងឆ្នាំ ព.ស 2504 ត្រូវនឹង គ.ស 1960។

សង្ខេបរឿង

គ្រាកាលព្រះសុរិយទេវបុត្ត ទ្រង់គង់លើវិមានកែវផលិត ដែលជារថព្រះទីន័ងទឹមដោយ សេះអាជានេយ្យមួយពាន់ ទ្រង់បរប្រទក្សិណភ្នំព្រះសិនេរុរាជ តាំងអំពីទិសបូព៌ាយាត្រាសំដៅទៅ ទិសបស្ចិម តាមចក្ររាសីនៃសុរិយចក្កវាឡ លុះដល់កំណត់បត់ព្រះរាជរថចូលបាំងជ្រុងមហាបព្វតា រស្មីព្រះសុរិយា ក៏ជ្រាលជ្រេចូលកាន់សន្ធ្យារាត្រី នាវេលានោះជាខាងខ្នើត ១៥ កើត ខែ កត្តិក ឆ្នាំ ច ចត្វាស័ក ព.ស. ២៤៧០ ព្រះចន្ទ្រទេវបុត្រយាងឡើងគង់លើវិមានប្រាក់ ជារាជរថព្រះទីន័ង បរចេញមកពីទិសបូព៌ា ឆ្លុះពន្លឺពណ៌ប្រាក់ទៅ សព្វផែនពសុធា ព្រះ ចន្ទ្រាហាក់ដូចជាមៀងមើលមកយ៉ាងស្រស់ញញឹម ឆ្ពោះចំទៅលើដំបូលគេហស្ថានមួយ នៅខាងលិចផ្សារស្វាយប៉ោ ដែលជាផ្សារវិលក្នុងទីរួមខេត្តបាត់ដំបង ។

ឯគេហស្ថាននោះ ជាផ្ទះចាស់ប្រក់ក្បឿងដំបូលពីរជាន់ ជញ្ជាំងក្ដារ ក្រាលក្ដារ សសរមូល នៅហោជាងមានរូបចម្លាក់ឈើធ្វើជារូបរាហូលេបខែ នៅខាងក្រោមរូបនេះគេឆ្លាក់ជាអក្សរមូលតួធំៗថា ‹ សិរិពង្ស › ជាផ្ទះខ្មែរបែបបុរាណ ដែលនៅសេសសល់ដល់មកសម័យឥឡូវនេះ ។

ក្នុងវេលារាត្រីនោះ ពន្លឺរស្មីនៃដួងចន្ទ្រកំពុងចាំងឆ្លុះចូលមកតាមចន្លោះបង្អួច ហើយមានខ្យល់ត្រជាក់បក់ផាត់ជាយចូលមកយ៉ាងរំភើយ ។ ល្ហើយត្រសៀកល្មមត្រជាក់ស្រួល នៅខាងក្នុងគេហស្ថាននោះ មានកូនចង្កៀងប្រេងកាតមួយ ចងព្យួរនឹងជញ្ជាំងក្ដារល្មមតែឆ្លុះពន្លឺ ឲ្យមើលមកឃើញបុរសជរាម្នាក់ មានរាងកាយស្គាំងស្គមឥតសាច់ឈាម មានតែស្បែកដណ្ដប់ឆ្អឹង ដេកស្ដូកស្ដឹងនាកណ្ដាលល្វែងបន្ទប់ នៅក្បែរខាងបុរសជរានេះ មានក្មេងកំឡោះម្នាក់ មុខមាត់ស្រស់បស់ អង្គុយចាំបម្រើថែរក្សាជម្ងឺរបស់បុរសជរា ដោយកិរិយាឫកពាស្រពោនស្រពាប់ ស្រងូតស្រងាត់ ឥតមានរីករាយបន្តិចឡើយ ដ្បិតខំអត់ងងុយទ្រាំជម្ងឺរបស់បុរសជរា ដែលត្រូវជាឪពុកបង្កើតរបស់ខ្លួន អស់វេលា៣យប់មកហើយ ។

ឯបុរសដែលមានជម្ងឺជាទម្ងន់ កំពុងដេកស្ដូកស្ដឹងនៅលើដំណេកនេះឈ្មោះ ‹ចឺម› ត្រកូល ‹សិរីពង្ស› កំពុងតែធ្លាក់ខ្លួនទៅជាចំណីអាហារនៃរោគជរា យូរៗគាត់ដកដង្ហើមធំវែងៗ ហើយគាត់ខំបើកភ្នែកក្រឡេកមើលទៅពាសពេញទាំងល្វែងបន្ទប់ដេក ភ្នែកទាំងគូររបស់គាត់សម្លឹងទៅចំមុខក្មេងកំឡោះម្នាក់ ដែលអង្គុយនៅក្បែរខាងខ្លួនគាត់ ។ ឯក្មេងកំឡោះនេះឈ្មោះ ចៅចិត្រ ជាកូនបណ្ដូលចិត្តរបស់គាត់ ហើយជាអ្នកទទួលវង្សត្រកូល ‹សិរីពង្ស› តទៅអនាគតផង ទើបគាត់ខំញញឹមទាំងក្រៀមក្រំ ប្រឹងនិយាយដោយសូរសំឡេងញ័រៗថា ៖ ‹ចិត្រ

កូនមាសថ្លៃឪពុក ! យប់យន់ណាស់ហើយ មិនទាន់ទៅដេកទេឬ ? ទៅ កូនទៅដេកទៅ › តាចឺមតឿនបង្ខំឲ្យកូនទៅដេកក្រែងអត់ងងុយទៅជាឈឺចាប់ ។

ចៅចិត្រគ្រវីក្បាលដោយអាការបដិសេធ ព្រមទាំងមានទឹកមុខប្រកបដោយចិត្តអាណិតអាសូរបិតា ទើបនិយាយជម្រាបទៅវិញថា ‹ ខ្ញុំបាទមិនទាន់ងងុយទេ លោកឪពុក ! ប្រហែលជាលោកឪពុកមិនទាន់ពិសាថ្នាំយោងកម្លាំងទេដឹង ? លោកគ្រូពេទ្យបានផ្ដាំខ្ញុំបាទថា សូមឲ្យលោកឪពុកពីសាកុំខាន› ។

‹ ថ្នាំឬ កូន !› តាចឺមនិយាយឮតែក្នុងបំពង់ក ទំនងចំអកឲ្យថ្នាំនោះ ព្រោះជាថ្នាំគាត់ដឹងថា ឥតមានគុណវិសេសអ្វីបន្តិចឡើយ ហើយគាត់និយាយថា ‹ ឳ ! កូនអើយ ថ្នាំនេះឪពុកបានផឹកមកច្រើនលើកហើយ មិនឃើញមានគុណវិសេសអ្វី ដែលអាចជួយបន្ធូរបន្ថយជម្ងឺឲ្យបានស្រាកស្រាន្តសោះឡើយ រោគចំពួកនេះឪពុកស្គាល់ច្បាស់ថាជារោគប្រចាំកាយ “រក្សាក៏ស្លាប់ មិនរក្សាក៏ស្លាប់ ” ឫទ្ធីអំណាចរបស់ថ្នាំក្នុងខណៈនេះ មិនវិសេសជាងទឹកទន្លេទេ កូន ! ›។

ចៅចិត្រមិនទាន់បាននិយាយតបទៅឪពុកវិញ ស្រាប់តែលេចបុរសកណ្ដាលអាយុម្នាក់ ដើរចូលមកក្នុងបន្ទប់ ហើយដាក់គូថអង្គុយក្បែរខាងអ្នកជម្ងឺ ហើយសួរថា ‹ម៉េចទៅតាថ្ងៃនេះ អាការៈរោគបានធូរស្បើយខ្លះទេ ?›

‹ ឱ ! ពុទ្ធោ ពុទ្ធោ !› តាចឺមលាន់មាត់ឡើង កាលបានឮលោកគ្រូពេទ្យសួរខ្លួនដូច្នោះ ហើយគាត់និយាយតទៅទៀតថា ‹ ឱ ! លោកគ្រូអើយ វេលានេះ ភ្នែកខ្ញុំបាទស្រែស្រវាំងងងឹតអស់ហើយ សូមអត់ទោសចុះខ្ញុំបាទមិនដឹងជាលោកគ្រូអង្គុយនៅត្រង់ណាទេ › ។ ឯចៅចិត្រកាលបើបានឮសំដីឪពុកនិយាយត្អូញត្អែរដូច្នោះ ទឹកភ្នែកក៏ហៀរហូរសស្រាក់ ដោយចិត្តអាណិតឪពុកពន់ពេក ហើយក៏សម្លឹងមើលគ្រូពេទ្យ និយាយអង្វរករសុំឲ្យជួយស្រោចស្រង់សង្គ្រោះបិតាឲ្យមានជីវិត តែគ្រូពេទ្យដែលស្ទាត់ជំនាញក្នុងវិធីមើលជម្ងឺ ក៏គ្រវីក្បាលដោយអស់សង្ឃឹម ខ្សឹបប្រាប់ជិតត្រចៀកចៅចិត្រថា ‹ ឆ្លងមិនផុតអំពីយប់នេះទេ › ។

តាចឺមនិយាយមួយៗ ទាំងហត់ដង្ហក់បបូរមាត់សស្លាំង ញ័រចំប្រប់ខំនិយាយទៀតថា ‹ ខ្ញុំបាទគង់មិនមានជីវិតរស់នៅ ទាល់តែបានឃើញពន្លឺព្រះអាទិត្យក្នុងព្រឹកស្អែកនេះទៀតទេ › ខ្ញុំបាទយល់ថា មិនមែនជាការចម្លែកខុសធម្មតាទេ ព្រោះមរណៈធម៌ជាសភាវៈទៀងទាត់ ដែលមនុស្សសត្វទូទៅត្រូវតែទទួលយកនឹងចៀសវាងឲ្យផុតពុំបានឡើយ ឯវិញ្ញាណនិងកាយខ្លួនខ្ញុំបាទ ឥតមានស្រណោះអាឡោះអាល័យប៉ុន្មានទេ ស្លាប់ហើយត្រូវទៅកើត

ជាអ្វីក៏តាមយថាកម្មចុះ ហើយបែរទៅនិយាយផ្ដែផ្ដាំថា ‹ ចិត្រ កូនសំឡាញ់មាសឪពុក ! កាលបើឪពុកអស់បុណ្យទៅហើយ ជីវិតអ្នកមុខជារសាត់អណ្ដែត ឥតបង្គោលជាបង្អែក ដូចជាសំណាត់ដែល អណ្ដែតក្នុងទន្លេដូច្នោះ›។ ឯចៅចិត្រអួលដើម ក និយាយអ្វីមិនរួចសោះ មានតែទឹកភ្នែកហូរសស្រាក់ឱនមុខជ្រប់ក្រាបចុះជិតជើងឪពុក ។ ចំណែកខាងគ្រូពេទ្យ ក៏ងាកមុខបែរទៅខាងបង្អួច ស្ទើរតែទ្រាំទប់ទឹកភ្នែកពុំបានដែរ ។

តាចឺមនិយាយផ្ដាំទាំងហត់ថា ៖ នែចិត្រ កូនសំឡាញ់ឪពុក ! កាលបើឪពុកស្លាប់ទៅហើយ ចូរបាចាំបណ្ដាំឪពុកទុកចុះថា ‹ ធម្មជាតិគ្រប់យ៉ាងក្នុងលោកនេះ ដែលមនុស្សលោកសំគាល់ថា ជាការរុងរឿងថ្លៃថ្លានោះ គឺការតាំងខ្លួនឲ្យបានស្ដុកស្ដម្ភដោយទ្រព្យសម្បត្តិ ឯការដែលរស់នៅតោកយ៉ាកនោះ អ្នកផងទាំងពួងគេមិនយកភ្នែកមើលទេ ការរស់បែបនេះមិនមែននាំឲ្យបានសុខសប្បាយទេ› ប៉ុន្តែពេលនេះកូនអើយ ! ឪពុកនឹងប្រាប់អ្នកឲ្យធ្វើដូចម្ដេច ទើបបានសេចក្ដីចំរើននោះពុំបានទេ សុំឲ្យគ្រាន់តែរលឹកដល់ពុទ្ធភាសិតមួយបទថា ៖ ‹អត្តា ហិ អត្តនោ នាថោ › ខ្លួនត្រូវទីពឹងរបស់ខ្លួន ប៉ុណ្ណេះឲ្យរឿយៗចុះ › ។ ឯគ្រូពេទ្យនិយាយជ្រែកក្នុងខណៈនោះថា ‹ តាកុំអាលអស់សង្ឃឹមរហ័សពេក រោគរបស់តាដែលធ្ងន់ដូច្នេះក៏មិនទាន់ជាអ្វីទេ នៅមានសង្ឃឹមនឹងសះជាឡើងវិញបាន › ។

តាចឺមផ្គើនឲ្យគ្រូពេទ្យថា ‹ សះជាឬ ? លោកគ្រូ គ្មានផ្លូវសះជាឡើងវិញជាប្រាកដ មានតែផ្លូវស្លាប់មួយមុខក្នុងព្រឹកស្អែក ឬយប់នេះ ឬ ឥឡូវនេះ ក្នុងពេលណាមួយជាមិនខាន › ។ តាចឺមឈប់និយាយមួយស្របក់ ហើយចាប់និយាយតទៅទៀតថា ៖ នែ ! ចិត្រកូនសំឡាញ់ឪពុក ឪពុកទីទ័លក្រណាស់ គ្មានកេរ្តិ៍មត៌កបន្តិចបន្តួចបម្រុងទុកឲ្យកូនឡើយ ដល់ឪពុកស្លាប់ទៅមានតែសព និង ពាក្យបណ្ដាំប៉ុណ្ណេះទុកឲ្យកូន ឯវិញ្ញាណក្ខន្ធរបស់ឪពុក ដែលនឹងបានទទួលសេចក្ដីសុខក្សេមក្សាន្តក្នុងលោកខាងមុខនោះ លុះតែកូនប្រតិបត្តិតាមបណ្ដាំរបស់ឪពុកទាំងប៉ុន្មានម៉ាត់នេះ ដែលជាបណ្ដាំចុងក្រោយបំផុតរបស់បិតា ។ មួយទៀត វិជ្ជាដែលឪពុកទុកដាក់ឲ្យកូនខំរៀនសូត្រ ដរាបទាល់តែប្រឡងជាប់សញ្ញាប័ត្រនោះទុកជាមត៌កមានតម្លៃមួយ ។ ឱ ! តាំងពីថ្ងៃនេះទៅហើយ ឪពុកអស់បានជួយទំនុកបម្រុងកូនតទៅទៀតហើយ ។

ចៅចិត្រ កាលបើបានស្ដាប់ពាក្យបណ្ដាំរបស់ឪពុកចប់សព្វគ្រប់ហើយ ក៏ស្រក់ទឹកភ្នែកច្រោកៗ ដោយមានចិត្តអាល័យនឹងអាណិតឪពុកជាទីបំផុត ឱនក្បាលទៀបជើងឪពុក ហើយខំនិយាយទាំងខ្សឹកខ្សួលជំរាបឪពុកថា ៖ លោកឪពុក ! បណ្ដាំគ្រប់ៗម៉ាត់ខ្ញុំបាទនឹងកត់ត្រាចាំទុកក្នុងចិត្ត ខិតខំប្រតិបត្តិតាមបណ្ដាំគ្រប់ប្រការ សូម

លោកឪពុកកុំបីព្រួយបារម្ភឡើយ ខ្ញុំបាទមានជីវិតរស់នៅដរាបណា នឹងខំតាំងខ្លួនប្រាណតម្កល់តម្កើងវង្សត្រកូលឲ្យបានចំរើនដរាបនោះ ។

តអំពីពេលនោះ តាចឺមមានអាការដង្ហក់កាន់តែញឹកញាប់ខ្លាំងឡើង មានអាការក្រវល់ក្រវាយទំនងស្លឈាម ហើយទន់ពាប់ទៅរាល់ៗគ្រាមរណសង្គ្រាម កំពុងទន្ទ្រានចូលមកជិតអ្នកជម្ងឺគ្រប់ៗដង្ហើម ទើបគាត់ខំប្រឹងនិយាយទៅរកគ្រូពេទ្យ ដែលមានមេត្តាចិត្តចំពោះខ្លួនដោយសូរសំឡេងខ្សាវៗជាទំនងសេចក្ដីថា ‹ ទានប្រោសលោកគ្រូ ! ខ្ញុំបាទនឹងដាច់ខ្យល់ស្លាប់ក្នុងពីរ - បីនាទីនេះហើយ សូមអរព្រះគុណនឹងសូមជូនបុណ្យលោកគ្រូដែលមានព្រះគុណលើខ្លួនខ្ញុំបាទជាអនេក ដោយបានខំថែទាំរក្សាទាំងបង់ខាតថ្លៃថ្នាំជាច្រើនផង ហើយមិនមានគិតថ្លៃរក្សានិងថ្លៃថ្នាំបន្តិចឡើយ ខ្ញុំបាទឥតមានអ្វីតបស្នងសងគុណលោកគ្រូទេ ឱ ! ព្រះគុណអើយ ត្រចៀកខ្ញុំបាទលេងឮហើយ ឱ ! ចិត្រកូន ! ពុទ្ធោ អរហំ ! ›។

ចៅចិត្រឱបឪពុកជាប់ ហាក់ដូចជាមិនព្រមឲ្យវិញ្ញាណក្ខន្ធរបស់តាចឺមរត់ចេញពីរាងកាយទៅបាន តែបើទុកជាចៅចិត្រខំប្រឹងទប់ទល់យ៉ាងណា ក៏គង់តែមិនសម្រេចដូចបំណង ព្រោះ ជាតិ ជរា ព្យាធិ មរណៈ (កើត ចាស់ ឈឺ ស្លាប់ ) ជាមត៌ករបស់សត្វលោក ឥតមានសត្វណាមួយគេចវេះចៀសវាងឲ្យរួចផុតទៅបានឡើយ អម្បាលដូចយ៉ាងព្រះអរហំសម្មាសម្ពុទ្ធម៉េចក៏គង់តែស្ដេចចូលបរិនិព្វានមិនខាន ។

នៅទីបំផុតនេះ តាចឺមក៏ធ្លាក់ខ្លួនទៅជាចំណីអាហារមច្ចុរាជ គឺដាច់ខ្យល់ផុតដង្ហើមក្នុងកណ្ដាប់ដៃរបស់ចៅចិត្រជាកូន តាចឺមក៏ទទួលមរណភាព ក្នុងខណៈដែលដួងចន្ទ្រអស្ដង្គតបាត់ពន្លឺរស្មី ព្រមជាមួយគ្នាក្នុងគ្រានោះឯង ។

រឿងទាំងមូល

Originally published at story.seuksa.com/?p=164