ប្រជុំរឿងព្រេងខ្មែរភាគ ៧
រឿង ឆ្កែមើលឃើញខ្មោច
180 / 215
ជាហេតុភេទស្រុក, ខ្ញុំបាទធ្លាប់បានឮម្ដាយនឹងឪពុកខ្ញុំគាត់និទានប្រាប់ខ្ញុំថា ៖ បើឮឆ្កែលូ ឬ ព្រុសនៅពេលកណ្ដាលអាធ្រាត្រស្ងាត់ នៅភូមិណា ស្រុកណា ដែលក្រៅអំពីក្រុង ព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់ ស្រុកភូមិនោះ ៗ ច្រើនកើតជំងឺ ពុំសូវបានសេចក្ដីសុខទេ ត្បិតខ្មោចបិសាច វាដើររាតត្បាតធ្វើមនុស្សឲ្យឈឺចាប់សឹងតែគ្រប់ៗ គ្នា ព្រោះឆ្កែមើលឃើញខ្មោច ។ ដំណើរចាស់ៗ ថា ឆ្កែមើលឃើញខ្មោចនោះ អាស្រ័យដោយរឿងដើមថា ៖ 1
យូរយារណាស់មកហើយ មានបុរសម្នាក់ ដើរទៅមើលគេលៀងមេមត់ ប៉ុន្តែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទួលមួយដែលមានព្រៃស៊ុមទ្រុម គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន ។ លុះដល់ទន្ទឹមព្រៃនោះ មានខ្មោចស្រែកហៅគាត់ថា ៖ ពូ ៗ ផ្ដាំទៅប្រាប់ប្រពន្ធឲ្យមកផង ។ បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ ប៉ុន្តែគាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា ៖ -ប្រពន្ធឯងនៅឯណា ? ខ្មោចឆ្លើយមកវិញថា ៖ -ប្រពន្ធខ្ញុំ នៅឯផ្ទះគេលៀងអារក្សឯនោះ ! បុរសឮហើយ សួរទៅវិញថា ៖ -ចុះឯង ឲ្យអញប្រាប់ម៉េចបាន ? បើអញមើលប្រពន្ធឯងមិនឃើញនោះ !
ក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោង គឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់ ។ ខ្មោចឲ្យប្រទាលនោះទៅហើយ ប្រាប់ទាំងឈ្មោះប្រពន្ធវាផង ។ បុរសនោះ កាលបើបានប្រទាលប្រហោងនោះហើយ មើលឃើញខ្មោចនៅពេញតែព្រៃ, គាត់ចេះតែដើរទៅ ៗ គ្មានភិតភ័យខ្លាចអ្វីឡើយ ។ គាត់ដើរតម្រង់ទៅផ្ទះណាគេលៀងអារក្ស លុះដល់ផ្ទះនោះហើយ គាត់ឃើញខ្មោចស្រី ៗ កំពុងស៊ីពែសំណែន ដែលសែននៅពោរពេញ ជាច្រើនគ្នាណាស់ ។ បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្ដីវាផ្ដាំមក ហើយបោយដៃហៅចំពីមុខ និយាយថា ៖ -ប្ដីហងឲ្យទៅឲ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ ! ខ្មោចនឹកឆ្ងល់ថា ម៉េចក៏បុរសនោះមើលឃើញអញ ទើបដើរសំដៅទៅ ហើយសួរថា ៖ -ចុះអ្នកឯង ម៉េចក៏មើលយើងឃើញ ? បុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថា ៖ -នេះជាប្រទាលដែលប្ដីហងឲ្យអញ បានជាអញឃើញ ។
ខ្មោចនោះ គ្រាន់តែឃើញប្រទាលនោះភ្លាម ស្ទុះទៅដណ្ដើមយក ប៉ុន្តែបុរសនោះពុំព្រមឲ្យ ក៏មានការប្រវាយប្រតប់គ្នា ដណ្ដើមប្រទាលប្រហោងនោះ ។ បុរសចេះតែស្រែកហៅឲ្យគេឯងជួយ ប៉ុន្តែអ្នកទាំងអស់មើលទៅពុំឃើញប្រយុទ្ធជាមួយនរណាសោះ ឃើញតែស្ទុះស្ទាតែម្នាក់ឯង ម្ល៉ោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត ។ លុះប្រវាយប្រតប់គ្នាអស់មួយសន្ទុះធំ បុរសក៏ចង់រសាយដៃ ក៏របូតប្រទាលនោះពីដៃទៅ ។ ខ្មោចស្ទុះប្រុងរើសយក តែពេលនោះ ឆ្កែឃើញភ្លាម ស្ទុះភ្លែតមកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ ។ ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ ។
ដោយសារមានរឿងនិទានយ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ ។ មួយវិញទៀត មានមនុស្សច្រើនណាស់ ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហោង ដើម្បីយកមកប្រើការសក្ដិសិទ្ធិផ្សេង ៗ ។
ប្រជុំរឿងព្រេងខ្មែរភាគ ៧ ទំព័រ ៨១ - ៨៣
Footnotes
-
អត្ថបទនេះ ស្រង់ពីឯកសារ លេខ ៩៣.០១៦ ដែលលោក កៅ-យី នៅបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ រៀបរៀង ↩