នៅកម្ពុជា ការបោះឆ្នោតតំណាងរាស្រ្ត គឺជាការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ។ ពលរដ្ឋកម្ពុជាមិនបោះឆ្នោតជ្រើសរើសបេក្ខជនណាមួយឲ្យធ្វើជាតំណាងរាស្រ្តនោះទេ ក៏ប៉ុន្តែ បោះឆ្នោតជ្រើសរើសបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តនៃគណបក្សមួយ។ ចេញពីចំនួនស្លឹកឆ្នោតសរុបដែលបោះឲ្យគណបក្សនីមួយៗនេះ ទើបគេយកទៅគណនារកចំនួនអាសនៈ ដែលគណបក្សនីមួយៗទទួលបាន នៅក្នុងរដ្ឋសភា។ តើការកំណត់ចំនួនអាសនៈនេះ ត្រូវធ្វើឡើងដោយរបៀបណា?
តាមច្បាប់បោះឆ្នោតកម្ពុជា ចំនួនអាសនៈសភា ដែលត្រូវបែងចែកទៅឲ្យគណបក្សនយោបាយណាមួយ នៅក្នុងការបោះឆ្នោត ត្រូវគណនា ដោយប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” ហើយការបែងចែកអាសនៈ ត្រូវធ្វើឡើងនៅតាមមណ្ឌលនីមួយៗ។
ជំហានទី១៖ កំណត់ចំនួនកូតានៃសន្លឹកឆ្នោតក្នុងមួយអាសនៈ
មុននឹងចាប់ផ្តើមធ្វើការបែងចែកចំនួនអាសនៈ ជាដំបូង គេត្រូវគណនាឲ្យឃើញសិនអំពីចំនួនកូតានៃសន្លឹកឆ្នោតក្នុងមួយអាសនៈ (មានន័យថា ចំនួនសន្លឹកឆ្នោត ដែលគណបក្សមួយត្រូវទទួលបាន ដើម្បីទទួលបានអាសនៈមួយ)។ ដើម្បីគណនា គេត្រូវយកចំនួនសន្លឹកឆ្នោតបានការសរុប នៅក្នុងមណ្ឌលមួយ ចែកនឹងចំនួនអាសនៈសរុបនៅក្នុងមណ្ឌលនោះ ដោយមិនគិតពីសំណល់ចែក។
សន្លឹកឆ្នោតបានការសរុបក្នុងមណ្ឌល
កូតាសន្លឹកឆ្នោតក្នុងមួយអាសន = --------------------------------------------------------------
អាសនៈសរុបក្នុងមណ្ឌល
គួរបញ្ជាក់ថា សន្លឹកឆ្នោតបានការសរុប ខុសពីចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។ អ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដែលមិនទៅបោះឆ្នោត ឬទៅបោះឆ្នោតដែរ ប៉ុន្តែ គូសសន្លឹកឆ្នោតមិនត្រឹមត្រូវ ជាសន្លឹកឆ្នោតមិនបានការ មិនត្រូវរាប់បញ្ចូលនៅក្នុងចំនួនសន្លឹកឆ្នោតបានការសរុបទេ។
ឧទាហរណ៍៖ នៅមណ្ឌលកំពង់ចាម ដែលមានចំនួនអាសនៈសរុបទាំងអស់ ១៨អាសនៈ មានសន្លឹកឆ្នោតបានការសរុប ចំនួន ១៨ម៉ឺនសន្លឹក។ ...more